For Android device For iOS device
១២
តុលា

​ស្វែងរក​យល់ពីអ្វី​ដែល​ខ្លួនឯងចូលចិត្ត រួចព្យាយាម​ឲ្យ​អស់ពីសម្មតិ្ថភាព

ដោយអតីតសិស្ស សុវត្តិ វិតាល់ ​ធ្លាប់​រៀន​វគ្គ​សិក្សា​៖ ១. C/C++, . PHP+MySQL, ៣. C# Beginning , ៤. C# Database

http://training.antkh.com/students/?s=1148

សព្វ​ថ្ងៃ​ប្អូនជា អ្នកអភិវឌ្ឍន៍​កម្មវិធី ទូរស័ព្ទដៃ ប្រព័ន្ធ​ប្រតិបត្តិការ iOS ​ក្រុមហ៊ុន កូដីងហ្គីតថេកណូឡូជី (Codingate Technology)  

កាលពីប៉ុន្មាន​ឆ្នាំ​មុន ក្រោយពី​ខ្ញុំ​បាន​បញ្ចប់​ការ​ប្រលង​សញ្ញប័ត្រមធ្យម​សិក្សា​ទុតិយភូមិ ដោយជោគជ័យសិស្សជា​ច្រើន​រួមទាំង​ខ្ញុំ​ផងដែរ​នោះ ត្រូវធ្វើ​នូវ​ការសម្រចចិត្តមួយ គឺការ​ជ្រើសរើស​មុខជំនាញ សិក្សា​បន្តនៅ​ថ្នាក់​មហាវិទ្យាល័យ ។ មាន​សំណួរ​ជា​ច្រើន​ដែល​ខ្ញុំ​បានសួរ មកកាន់ខ្លួនឯងថា តើ​ខ្ញុំ​គួរតែ​ជ្រើសរើស​រៀននៅមុខវិទ្យាអ្វី ? ហើយតើ​ខ្ញុំ​ត្រូវធ្វើអ្វីបន្តនៅ​ថ្ងៃ​អនាគត ?

សម័យកាលកាន់តែជឿន​លឿន​បច្ចេកវិទ្យា ក៏​បានដើរ​តួនាទី​យ៉ាង​សំខាន់ ស្ទើរគ្រប់វិស័យនៅ​ក្នុង​ការអភិវឌ្ឍន៍សង្គម ។ ក្នុង​នាម​ខ្ញុំ​ជាក្មេងប្រុសម្នាក់​ដែល​មានចិត្តស្រលាញ់ និងចូលចិត្ត​បច្ចេកវិទ្យា​តាំង តែពីកុមារភាពនោះ ក៏​បាន​សម្រេច​ចិត្ត​ជ្រើសរើស​មុខជំនាញមួយ ដើម្បី​បន្តការ​សិក្សា នោះគឺវិទ្យាសាស្ត្រ​កុំព្យូទ័រ នៅសាកវិទ្យាល័យ ភូមិន្ទភ្នំពេញ ។ ស្របពេលជាមួយ​គ្នា​ផងនោះ ក៏​មាន​សំណួរ​ជា​ច្រើន​ទៀត បានចោតសួរ​ខ្ញុំ​ថា ហេតុអ្វី បានជា​ខ្ញុំ​ជ្រើសរើស​រៀន​នូវ​មុខវិជ្ជាមួយនេះ ? ហេតុដូចនេះ​ខ្ញុំ​សូម​ធ្វើការ​ចែក​រំលែក​នូវ​ចំណុច​៤​សំខាន់​ៗ ដែល​ជម្រុញទឹកចិត្ត​ខ្ញុំ​ឲ្យ​ជ្រើសរើស​នូវ​មុខជំនាញមួយនេះហើយអាចបន្តរ​ដំណើរ​មកដល់សព្វថៃ្ង ។  

១. ការ​សម្រេច​ចិត្តដោយចេញពីការស្រលាញ់ និងពេញចិត្ត

​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ការ​ដែល​យើង​ធ្វើការ​សម្រេច​ចិត្ត ដែល​កើតចេញពីការស្រលាញ់ និងពេញចិត្តនោះ គឺ​មានន័យថា យើងបាន​ធ្វើការ​សម្រេច​ចចិត្តដោយខ្លួនឯង នៅ​ក្នុង​ការ​កំណត់​លើជោគវាសនារបស ខ្លួនទៅ​ថ្ងៃ​អនាគត ។ ដូចនេះអ្នក​ទាំងអស់​គ្នា អាច​ធ្វើការ​ចំណាយ​ពេលបន្តិច ដើម្បី​ស្វែងយល់ពីខ្លួនឯង ថាតើអ្វី​ដែល​ខ្លួនឯងចង់ធ្វើ ឬ​សម្រេច​ទៅ​ថ្ងៃ​អនាគត ។ សូម​ឲ្យ​ការ​សម្រេច​ចិត្តមួយនោះ គឺជាការ​សម្រេច​ចិត្តដោយមិនមានសម្ពាធហួស​កំណត់​ពីសំណាក់ ក្រុមគ្រួសារ ឬ​ឥទ្ធិពលទាំងស្រុងពីមិត្តភក្តិ ។ ការ​ជ្រើសរើស​ជំនាញ មួយ​ឲ្យ​ច្បាស់លាស់ ក៏​ជា​ផ្នែក​មួយនៅ​ក្នុង​ការ​សម្រេច​ចិត្តនេះ​ផងដែរ ។ វិទ្យាសាស្រ្ត​កុំព្យូទ័រ និង​ព័ត៌មាន​វិទ្យា ហាក់បី​ដូចជា​មានភាពទូលំទូលាយបន្តិច​សម្រាប់​និស្សិត​នៅ​ក្នុង​ការ​ជ្រើសរើស ។ នៅ​ក្នុង​នោះ​ផងដែរ​មានមុខវិជ្ជាជា​ច្រើន​ដូចជា ផ្នែក​អភិវឌ្ឍន៍គេហទំព័រ ផ្នែក​អភិវឌ្ឍន៍ កម្មវីធីទូរស័ព្ទ ផ្នែក​ដំឡើង​ប្រព័ន្ធ រួមទាំង​ផ្នែក​ផ្សេងៗ​ទៀតជា​ច្រើន ។ ចំពោះ​ខ្ញុំ​ផ្ទាល់​ក៏​បាន​ជ្រើសរើស​នូវ​ជំនាញមួយគឺ ផ្នែក​អភិវឌ្ឍន៍កម្មវីធីទូរស័ព្ទ​ដែល​ខ្ញុំ​បានរកឃើញថា ខ្ញុំ​បានចូលចិត្ត និងស្រលាញ់ ទៅលើ​មុខវិជ្ជានេះលើសមុខវិជ្ជាផ្សេងៗ ។ បន្ទាប់មក​ទៀត​ខ្ញុំ​ក៏​បាន ធ្វើការ​សិក្សា​កាន់តែស៊ីជម្រៅ បន្ថែម​ទៅលើ​ផ្នែក​នេះ មិនត្រឹមតែប៉ុណ្ណោះ វា​ក៏​បានធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​នូវ​ការងារ​មួយ ដែល​ខ្ញុំ​ធ្លាប់​បានស្រមៃ​នៅពេល​កំពុង​សិក្សា ។  

២ ការ​សិក្សា​បន្ថែម ទៅលើ​ជំនាញ​ដែល​ខ្លួនពេញចិត្ត 

ការ​សិក្សា​តែនៅ​ក្នុង​សាលាមួយមុខ មិនទាន់​គ្រប់គ្រាន់នៅឡើយទេ គឺ​តម្រូវ​ឲ្យ​យើងព្យាយាម បន្ថែម​នៅ​ក្នុង​ការ​សិក្សា​ដោយខ្លួនឯង និង​ស្រាវជ្រាវ​បន្ថែម​ផងដែរ ។ ប្រព័ន្ធ internet ក៏​បានដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សិក្សា​បន្ថែម​នេះ ។ ជាមួយនឹង​ឯកសា ដែល​គ្មាន​ដែន​កំណត់ ព្រមទាំង Video បង្រៀន​យ៉ាង​ច្រើន​បាន​បន្ថែម​ឲ្យ​ខ្ញុំ នូវ​ព័ត៌មាន ក៏​ដូចជា​ចំណេះដឹង​បន្ថែម​ជា​ច្រើន​ទៀត ។ ម្យ៉ាង​វិញទៀត ក៏​មានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្រៅ​ម៉ោង​សិក្សា​ជា​ច្រើន​ក៏​ជា​ផ្នែក​មួយនៅ​ក្នុង​ការ​សិក្សា​បន្ថែម​ផងដែរ ។  ​នៅពេល​ដែល​ខ្ញុំ​បាន​សិក្សា​នៅ​ក្នុង​ឆ្នាំ​ទី៣ ខ្ញុំ​បាន​ស្គាល់ មជ្ឈមណ្ឌល​សិក្សា ជំនាញ​កុំព្យូទ័រ អាន-ANT (ANT Computer Specialist Training) ហើយ​ខ្ញុំ​ក៏​បាន​ធ្វើការ​សិក្សា​ទៅលើ​មុខវិជ្ជាមួយចំនួន បន្ថែម​ដូចជា C++, C# Beginner Level, និង C# Advanced Level ។ ការ​ខិតខំ​បង្រៀនបូករួម ជាមួយ និងការចែក​រំលែក​យ៉ាង​យកចិត្តទុកដាក់ពី សំណាក់លោកគ្រូអ្នកគ្រូបានក្លាយជា​កម្លាំង​ចលករ មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្យាយាមអស់ពីសម្មតិភាព នៅ​ក្នុង​ការធ្វើ​ការងារ ដែល​លោកគ្រូបានដាក់​ឲ្យ ក៏​ដូចជា​ការ​បញ្ចប់​នូវ​កិច្ចការទាំងឡាយ​ដែល​លោកគ្រូបានដាក់​ឲ្យ​ធ្វើ ឬ​ស្រាវជ្រាវ​បន្ថែម ។ ការធ្វើកិច្ចការ​ទាំងអស់​នោះហើយ បានធ្វើ​ឲ្យ​ខ្ញុំ​មានឱកាសនៅ​ក្នុង​ការ​ស្រាវជ្រាវ​បន្ថែម ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យល់ កាន់តែច្បាស់អំពីបច្ចេកទេស ទ្រឹស្តី ក៏​ដូចជា​ការអនុវត្ត​ផងដែរ ។ ការ​សិក្សា​ទាំងនោះ​ហើយបានធ្វើ ឲ្យ​ខ្ញុំ​មាន​មូលដ្ឋាន​គ្រឹះកាន់តែរឹងមាំ បន្ថែម​នៅ​ក្នុង​ការឈានទៅចាប់យក ក៏​ដូចជា​សិក្សា​ទៅលើ​មុខវិជ្ជា​ដទៃ​ទៀត ។  

៣. ការមិនបោះបង់ក្តីស្រមៃ បើទោះបីជាស្ថិត​ក្នុង​ការលំបាន ឬ​បរាជ័យ

វាជាការពិតមួយ ដែល​មិនអាច​ជៀសផុត នៅ​ក្នុង​ជីវិត​ដែល​យើងជួបប្រទះ នូវ​ការបរាជ័យ​ក៏​ដូចជា ឧបសគ្គមួយចំនួន នៅលើ​ដងវិធី ដើម្បី​ឆ្ពោះ​ទៅកាន់​ក្តីស្រមៃរៀងៗ​ខ្លួន ។ ចំពោះ​ខ្ញុំ​ផ្ទាល់​ក៏​ដូច​គ្នា​នេះផង ដែរ​ខ្ញុំ​ក៏​បានជួបប្រទះ​នូវ​រឿងរ៉ាវមួយចំនួន ដូចជា​ការ​ប្រលង​ធ្លាក់ ឬ ការធ្វើកិច្ចការ​ឲ្យ​លោកគ្រូអ្នកគ្រូ មិនបាន​ជោគជ័យ​ព្រមទាំង​ការលំបាកមួយចំនួនទៀត ។ ប៉ុន្តែ​កាល​ដែល​អ្នក​ទាំងអស់​គ្នា មានគោលដៅ និងក្តីស្រមៃមួយច្បាស់លាស់ វាបានធ្វើ​ឲ្យ​យើងមិនវង្វេង នៅតាម​ផ្លូវ​ដែល​ឆ្ពោះ​ទៅកាន់​គោលដៅនោះឡើយ ។ ដូចនេះហើយ ការ​ដែល​ជ្រើសរើស​អ្វីមួយដោយច្បាស់លាស់ មិនថា​ទៅលើ​មុខវិជ្ជាអ្វីនោះទេ វាបានដើរតួននាទី​យ៉ាង​សំខាន់ ។ បន្ថែម​ពីនេះទៅទៀត​សូមកុំ​ឲ្យ ការភ័យខ្លាច ឬ​ការបរាជ័យ ទាំងនោះ​ធ្វើជា​រនាំង ដើម្បី​រារាំងនិង បិទបំបាំងអ្នកទាំង​គ្នា​ឲ្យ​សោះ ។ រាល់មេរៀន​ទាំងអស់​នេះហើយ គឺជា​ផ្នែក​មួយ​ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​រហូត​មកដល់ពេលនេះ ។  

៤. ការចាប់យកជំនាញមួយដោយច្បាស់លាស់

ចំពោះ​ខ្ញុំ​ការ​ជ្រើសរើស​យកជំនាញ​ណាមួយ ឲ្យ​ច្បាស់លាស់ហើយ​សិក្សា​ទៅលើ​វា​ឲ្យ​បានស៊ីជម្រៅពិតជាមានអត្ថប្រយោជន៍ជា​ច្រើន ។ ខ្ញុំ​សូមលើកជាឧទាហរណ៍មួយ​នៅពេល​ដែល​អ្នក​ទាំងអស់​គ្នា បាន​សិក្សា​ច្បាស់​ទៅលើ​បច្ចេកវិទ្យា ឬ​ក៏​មុខវិជ្ជាបច្ចេកទេស​ណាមួយ​ឲ្យ​ច្បាស់ ហើយនោះអ្នក​ទាំងអស់​គ្នា ពិតជាអាចឈោងទៅចាប់យកមុខជំនាញ​ណាមួយ​ផ្សេងទៀត ដែល​មានភាពស្រដៀង ដោយ​ងាយស្រួល ឧទាហរណ៍​ដូចជា​ការចាប់រៀនភាសានៅ​ក្នុង​ការអភិវឌ្ឍ កម្មវីធី​ណាមួយ​ជាដើម ។

ជា​ចុងក្រោយ ខ្ញុំ​ក៏​សូមជូនពរទៅដល់ប្អូនៗ​ទាំងអស់​ឲ្យ​ទទួលបានជោគជ័យនៅ​ក្នុង​ការ​ប្រលង សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ព្រមទាំង​អាច​ជ្រើសរើស​នូវ​ជំនាញ​សិក្សា​មួយ​ដែល​ខ្លួនឯងស្រលាញ់ ហើយព្យាយាម ឲ្យ​អស់ពីសម្មតិភាព ដើម្បី​ក្លាយជាធនធានមនុស្ស ដ៏​សំខាន់​ម្នាក់នៅ​ក្នុង​សង្គម ៕

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា