For Android device For iOS device

តុលា

បើ​គ្មាន​គណិតវិទ្យា​កុំព្យូទ័រ​នឹងស្លាប់ ឬ ?

អត្ថបទដកស្រង់ចេញពីអតីតនាយក​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT Sam Kakakda កាលពី​ថ្ងៃ​ទី ០៨ សីហា ២០២០

ពេល​ដែល​ខ្ញុំ​សិក្សា​នៅអនុវិទ្យាល័យ និងវិទ្យាល័យ ការ​សិក្សា​គណិតវិទ្យា​គឺ​គ្រាន់តែ​ជាករណីយកិច្ច​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ​ដែល​ត្រូវ​សិក្សា​មុខវិជ្ជានេះ គឺ​ខ្ញុំ​ពុំបានដឹងឲស៊ីជម្រៅ​ទៅលើ​អត្ថប្រយោជន៍​នៃការ​សិក្សា​នេះឡើយ ក្រៅអំពីគិតថាវាជាមុខវិជ្ជា​សម្រាប់​បង្កើន​ប្រាជ្ញា នៃការគិតរបស់មនុស្ស​ទូទៅ​តែប៉ុណ្ណោះ ។

ក៏ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ឈានជើងចូលមហាវិទ្យាល័យ​ផ្នែក​ពាណិជ្ជសាស្រ្ត ខ្ញុំ​ចាប់ផ្ដើមដឹងថា មុខវិជ្ជា​គណិតវិទ្យា​គឺពិតជាត្រូវការ​សម្រាប់​ជំនាញមហាវិទ្យាល័យមួយនេះ ក៏ ប៉ុន្តែ​វា​គ្រាន់តែ​មួយ​ផ្នែក​ប៉ុណ្ណោះនៃអ្វី​ដែល​ខ្ញុំ​បានរៀននៅ​ក្នុង​ថ្នាក់​វិទ្យាល័យ ហើយ​ក៏​ដូចជា​មិនមានអ្វី​ដែល​ស្មុគ្រស្មាញ និង​ច្រើន​នោះដែរដូច្នេះ​មានន័យថា​និស្សិត​ដែល​រៀនជំនាញនេះប្រហែលជាមិនត្រូវការលក្ខខណ្ឌ​ខ្ពស់​ពេកទេ​សម្រាប់​មុខវិជ្ជា​គណិតវិទ្យា​មួយនេះ ។ រហូត​មកដល់​ខ្ញុំ​បន្ថែម​ការ​សិក្សា​នៅ​ក្នុង​មហាវិទ្យាល័យ​ព័ត៌មាន​វិទ្យា ដែល​ពេលនោះគឺជា​ជំនាន់​ទី១ ហើយក្មេងៗ​ស្រុក​ខ្មែរ​ក៏​មិនបាន​ដឹងស៊ីជម្រៅអំពីជំនាញនេះ​យ៉ាង​ដូចម្ដេចដែរ ឧទាហរណ៍​ខ្ញុំ ក៏​ដូចជា​មិត្តភក្រ្តមួយចំនួនទៀតគិតថាមហាវិទ្យាល័យ​ព័ត៌មាន​វិទ្យា គឺនឹង​សិក្សា​ពីការផ្សព្វផ្សាយ ការ​សរសេរ ឬ​បោះពុម្ពសារ​ព័ត៌មាន​ប៉ុណ្ណោះ ហើយ​ក៏​នាំគ្នី​គ្នា​ដាក់ពាក្យចូលរៀនទៅ ។

ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ចូលដល់​ឆ្នាំ​ទី១កាលណានៃមហាវិទ្យាល័យនេះ អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​បំផុត​គឺ​ទាក់ទងនឹង គណិតវិទ្យា យ៉ាង​ហោចណាស់​នៅពេល​នោះ គឺ​ខ្ញុំ​បាន​ឮ​ពាក្យថា binary ​ដែល​ជា​ប្រព័ន្ធ​លេខ​ប្រើ​ប្រាស់​តែចំនួនពីរលេខប៉ុណ្ណោះគឺ 1 និង 0 ហើយវាត្រូវឲយើងដឹងពីរបៀបគណនាលេខពី​ប្រព័ន្ធ​គោល១០ (ដែល​ជា​ប្រព័ន្ធ​លេខយើង​ប្រើ​ប្រាស់​ជា​ទូទៅ​គឺមានលេខចាប់ពី 0 ដល់ 9) ទៅកាន់​ប្រព័ន្ធ​គោល២នេះ ។  

​ទាក់ទងនឹង binary នេះ បើអ្នកគិតឲស៊ីជម្រៅ គឺវា​បង្ហាញ​ថា​ប្រព័ន្ធ​កុំព្យូទ័រ ក៏​ដូចជា​គ្រឿងអេឡិកត្រូនីកផ្សេងៗ​ បាន​ប្រើ​ប្រាស់​វា ដើម្បី​តំណាង​នូវ​រលកសញ្ញាពាក្យពេចន៍ និងការដោះស្រាយគ្រប់​បញ្ហា​ដែល​អ្នកបាន បញ្ជា​ទៅកាន់​គ្រឿងអេឡិកត្រូនីកនោះ សូម្បីតែ​គ្រាន់តែ​អ្នកចុចអក្សរ A មួយ​ក៏​កុំព្យូទ័រ​របស់អ្នក​ចាំបាច់ត្រូវ​បំប្លែង​តួសញ្ញានេះទៅជា binary ​ផងដែរ​គឺ​ស្មើនឹង “01000001” ។ តើអ្នកគិតថា លេខ binary ទាំងនេះវាចេញដោយចៃដន្យ ឬ​?

ទេ គឺវាបាន​មកពី​ការគណនាដោយ​គណិតវិទ្យា ក្នុង​នោះបាន​មកពី​មូលដ្ឋាន​ដែល​អ្នកបាន​សិក្សា​ក្នុង​គណិតវិទ្យា​ដូចជា ផលបូក ផលគុណ ផលចែក ផលចែកយក​សំណល់ អិចស្ប៉ូណង់ស្យែល តក្កវិទ្យា នេះ​ខ្ញុំ​គ្រាន់តែ​និយាយពី​មូលដ្ឋាន​ដំបូង​ដែល​យើងទើបបានរៀនមហាវិទ្យាល័យ​ព័ត៌មាន​វិទ្យានាសប្ដាហ៍​ទីមួយប៉ុណ្ណោះ ។  

បន្តពីមុខវិជ្ជា​មូលដ្ឋាន​ដែល​សម័យ​ខ្ញុំ​រៀនគេហៅថា “Introduction to PC” គឺមានមុខវិជ្ជាមួយទៀតគឺ ភាសា​សរសេរ​កម្មវិធី Qbasic (គ្យូបេហ្សិក) និងឆមាសបន្ទាប់នៃ​ឆ្នាំ​ទី១គឺ ភាសា​សរសេរ​កម្មវិធី​មួយ​ផ្សេងទៀត​គឺ Pascal (ប៉ាស្កាល់) ភាសា programming ទាំង២នេះ បច្ចុប្បន្ន​គឺឈប់មានទៀតហើយ ។ ពេល​ដែល​ខ្ញុំ​ចាប់ផ្ដើម​សិក្សា​ភាសា programming គឺធ្វើឲ​ខ្ញុំ​ដឹងកាន់តែច្បាស់ថា មុខវិជ្ជា​គណិតវិទ្យា​គឺពិតជា​សំខាន់​នៅ​ក្នុង​ជីវិតរស់នៅ ជា​ពិសេស​គឺ​ការងារ​ដែល​ត្រូវដោះស្រាយដោយ​កុំព្យូទ័រ ។ ហេតុអ្វី​ដែល​ខ្ញុំ​និយាយបែបនេះ? ព្រោះ​រាល់​ដំណាក់​កាលនៃការ​សរសេរ​កូដ ដើម្បី​បញ្ជា​កុំព្យូទ័រ​ធ្វើអ្វីមួយ គឺយើងចាំបាច់ណាស់ត្រូវពឹងផ្អែក​ទៅលើ​គណិតវិទ្យា​ផ្នែក​តក្កវិទ្យា ដែល​ទាក់ទងនឹង​ភាពពិត (true ឬ​ 1) និងមិនពិត (false 0)  ពី​ព្រោះ​គឺយើង​តម្រូវ​ឲកូដមានការ​សិក្សា​លក្ខខណ្ឌ​ទៅតាម​សកម្មភាព និង​បំណង​ដែល​យើងចង់ឲ​កុំព្យូទ័រ​ធ្វើតាម ។

ចូលមកដល់​ឆ្នាំ​បន្តបន្ទាប់មានមុខវិជ្ជាភាសា programming ផ្សេងៗ​ទៀត​ដូចជា C, C++, Visual C++ និង Visual Basic (មុខវិជ្ជា programming ដែល​រៀន
សម័យ​ខ្ញុំ​ជា​និស្សិត​) ក្រៅពីមុខវិជ្ជា programming គឺមានមុខវិជ្ជា Network, Data Structure, Database ។ ល ។ អ្នកអាចនឹងមិនគិតថា មុខវិជ្ជា​ទាំងនោះ​
កើតឡើងដោយភាពចាំបាច់នៃ​គណិតវិទ្យា​នោះទេ ការពិតវា មិនដូច្នេះឡើយគ្រប់មុខវិជ្ជា ឬ​ក៏​គ្រប់សកម្មភាព​ដែល​ពាក់ព័ន្ធនឹង​កុំព្យូទ័រ​ដាច់ខាតត្រូវតែមានការ​ចូលរួម 
ដោយ​គណិតវិទ្យា​ជាចាំបាច់ ។ 
តើអ្នកមានដឹងទេថា Network ចាំបាច់ដែរ ឬ​ទេ​ត្រូវមានការ​ចូលរួម​ដោយ​គណិតវិទ្យា ? 
ប្រហែលជាអ្នកអាចឆ្លើយដោយស្ទាក់ស្ទើរ ហើយ​ក៏​មិនដឹង​ថាតើអ្វី​ខ្លះ​ទៅ​ដែល​ត្រូវ​ប្រើ​គណិតវិទ្យា​នោះ? ខ្ញុំ​គ្រាន់តែ​លើកយក​នូវ​សំណួរ​មួយសួរអ្នកទៅវិញថា តើអ្នក​ធ្លាប់​
បាន​ឮ​ពាក្យថា security ដែរ ឬ​ទេ​? អ្នកប្រាកដជាឆ្លើយ​យ៉ាង​លឿន​ថា គឺពិតជា​ឮ​ពាក្យនេះហើយញឹកញាប់ទៀត ។ ចម្លើយ​នេះ​មានន័យថា​អ្នកបានទទួល​ស្គាល់​រួច
ហើយអំពីវត្តមាន​គណិតវិទ្យា​នៅ​ក្នុង​ផ្នែក Network តើជាអ្វីទៅ? ដើម្បី​បានរូបមន្ត​សម្រាប់​ការពារ​សុវត្ថភាព​ទិន្នន័យ​ពេល​ដែល​មានការផ្លាស់ប្ដូរពី​កុំព្យូទ័រ​ទៅ​កុំព្យូទ័រ​មួយ​
​ផ្សេងទៀត​តាមរយៈ network ដែល​ក្នុង​នោះមាន​ដូចជា intranet និង internet គឺចាំបាច់រូបមន្តនោះកើតឡើងដោយ គណិតវិទ្យា​ផ្នែក​ផលគុណ ផលដក 
ផលចែកយក​សំណល់ អិចស្ប៉ូណង់ស្យែល តក្កវិទ្យា ការគណនាចំនួនបឋម ។ អ្នកអាចឃើញភាពជាក់ស្ដែងនៃការធ្វើប្រមាណវិធី​ទាំងនោះ​ដោយ​គ្រាន់តែ​សិក្សា​ទៅលើ 
protocol មួយរបស់ network គឺ RSA (Rivest-Shamir-Adleman) នោះអ្នកនឹងបានយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍​គណិតវិទ្យា​នៅ​ក្នុង​ផ្នែក Network ។ 
 

ងាក​ទៅកាន់​ផ្នែក database ​ដែល​ជា​ផ្នែក​មួយដ៏​សំខាន់ ហើយវា​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ទៅលើ​ការ​គ្រប់គ្រង​ទិន្នន័យ​ ​ក្នុង​ការងារ​ផ្សេងៗ​នៅលើ​ពិភពលោក បើ​គ្មាន database ពិភពលោកនឹង​មិនអាច​ដំណើរ​ការ​គ្រប់គ្រង​អ្វីៗ​បានដោយរលូន និងឆាប់ រហ័ស​នោះទេ ។ តើ database ត្រូវការ​គណិតវិទ្យា​ដែរ ឬ​ទេ​? ច្បាស់ណាស់មធ្យោបាយច្រោះ​ទិន្នន័យ​តាម​តម្រូវ​ការ​របស់អ្នក​ដោយ​ប្រព័ន្ធ​គ្រប់គ្រង database គឺស្ដែងចេញពីការ​ធ្វើការ​របស់​គណិតវិទ្យា​ជា​ច្រើន​មេរៀន​ដែល​បានរៀននៅវិទ្យាល័យ​ដូចជា​៖ មេរៀនសំនុំ តក្កវិទ្យា ហ្វាក់តូរីយែល ប្រូបាប៊ីលីតេ អាំងតេក្រាល កំផ្លិច និង​មូលដ្ឋាន​ពិជគណិត​ដទៃ​ទៀត ទោះបីជាបែបនេះ​ក៏​ដោយ ខ្ញុំ​គិតថា​សម្រាប់​អ្នក​គ្រាន់តែ​ធ្វើការ​ទៅលើ​ផ្នែក​នេះ​ក្នុង​ភាពជា user វាហាក់បី​ដូចជា​មិនសាំញ៉ាំដល់បែបនេះទេ ក៏ ប៉ុន្តែ​បើសិនអ្នកជា developer ​ទៅលើ​ផ្នែក​នេះ​ក្នុង​កម្រិត​ខ្ពស់​ច្បាស់ណាស់ថាវា​តម្រូវ​ឲអ្នកត្រូវតែចេះ​មូលដ្ឋាន​គណិតវិទ្យា​ទាំងអស់​នេះ ។  

ឥឡូវនេះ​ខ្ញុំ​សូមបង្វែរការចាប់អារម្មណ៍​របស់អ្នក​ទៅលើ​ផ្នែក graphics និង​ផ្នែក​សំឡេង វិញម្ដង ថាតើវាចាំបាច់ដែរ ឬ​ទេ​អំពី​គណិតវិទ្យា​នោះ? បើនិយាយពី​គណិតវិទ្យា​នៅ​ក្នុង​ផ្នែក graphics និង​ផ្នែក​សំឡេង គឺប្រាកដណាស់មានគ្រប់មេរៀនរបស់​គណិតវិទ្យា​ទាំងពិជគណិត និងធរណីមាត្រ​ដែល​គ្រប់​គ្នា​បានរៀន ។ អ្នកបានឃើញ games ដ៏ស្រស់​ស្អាត​មួយ​កំពុង​បង្ហាញ​ខ្លួននៅ​ក្នុង monitor ​របស់អ្នក​វាមិនមែនជារូបរាង្គ​ដែល​កើតឡើងដោយការជប់ចេញពីអាទិទេពនោះទេ ក៏ ប៉ុន្តែ​វាបាន​មកពី​ការគណនាសមីការដ៏​ច្រើន​ដូចជា សមីការបន្ទាត់ សមីការរង្វង់​សម្រាប់​កំណត់​ទីតាំង និងទិសដៅនៃ​រូបភាព ការគណនា អិចស្ប៉ូណង់ស្យែល និងតក្កវិទ្យា ដើម្បី​កំណត់​ចំណុច pixels ​សម្រាប់​បង្ហាញ​រូបភាព ការ​ប្រើ​ប្រាស់ vectors, ម៉ាទ្រីស, អាំងតេក្រាល សម្រាប់​ភាពបត់បែន និងចលនារបស់​រូបភាព ឬ​រលក​សំឡេង ការ​ប្រើ​ប្រាស់​ធរណីមាត្រ​ក្នុង​លំហ​សម្រាប់​កំណត់​ភាពប្រសព្វ​គ្នា និង​ចំណាំ​ងផ្លាតនៃពន្លឺ និងចលនានៃ​រូបភាព​ផ្សេង ។ ល ។  

ដូច្នេះជាការសន្និដ្ឋាន​ចុងក្រោយ​របស់​ខ្ញុំ​គឺប្រាកដណាស់ បើអ្នកមាន​បំណង​ចង់​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា គឺអ្នកនឹង​មិនអាច​គេចផុតឡើយពីការ​ប្រើ​ប្រាស់​គណិតវិទ្យា​ក្នុង​អាជីពនេះ គ្រាន់តែ​តិច ឬ​ច្រើន​អាស្រ័យ​ទៅលើ​ស្ថានភាព​ការងារ និង​កម្រិត developer ​របស់អ្នក​ប៉ុណ្ណោះ ។ យ៉ាង​ហោចណាស់​មូលដ្ឋាន​គណិតវិទ្យា​ដែល​អ្នកជា programmer ត្រូវតែចេះគឺ សំនុំ និងតក្កវិទ្យា បើពុំដូច្នេះទេ អ្នកនឹងមានភាពយឺតយ៉ាវ ឬ​គិតមិនគ្រប់ជ្រុងជ្រោយ​ទៅលើ​ដំណោះ​ស្រាយ​ក្នុង​កម្មវិធី​របស់អ្នក​ជាក់ជាមិនខាន ។ ​ខ្ញុំ​ក៏​សូម​បញ្ជាក់​បន្ថែម​ថាថ្វីត្បិតតែ​កុំព្យូទ័រ​ត្រូវការ​គណិតវិទ្យា​យ៉ាង​ខ្លាំងក្លា​ក៏​ដោយ ក៏​មិន​មានន័យថា​គ្រប់អ្នកពូកែរ​គណិតវិទ្យា​សុទ្ធតែអាចរៀន​ផ្នែក​ព័ត៌មាន​វិទ្យាពូកែរនោះដែរ ហើយអ្នក​ដែល​ខ្សោយ​គណិតវិទ្យា​សុទ្ធតែ​មិនអាច​រៀន​ផ្នែក​ព័ត៌មាន​វិទ្យាបានជាដាច់ខាតនោះទេ សំខាន់​ក៏​ត្រូវពឹងផ្អែកលើទេពកោសល្យ និងជា​ពិសេស​បំផុត​គឺការតាំងចិត្ត ការតស៊ូ និងភាពអត់ធ្មត់​ខ្ពស់​របស់ខ្លួនប៉ុណ្ណោះ ។

♦♦ នៅ​ក្នុង​អត្ថបទក្រោយៗ ខ្ញុំ​នឹងលើកយក​ផ្នែក​គណិតវិទ្យា​មួយចំនួនមកអនុវត្តន៍​ជាកូដនៅ​ក្នុង​ភាសា programming មក​បង្ហាញ​ជូន ។

♦♦ ប្រសិនបើ​ប្អូនៗ​ចង់រៀនមហាវិទ្យា IT ទទួលបានជោគជ័យ មុខវិជ្ផា​ដែល​ប្អូនគួររៀនបំប៉ន​បន្ថែម​ដំបូងគឺ Computer Foundaton និង C/C++ មិនមែន​គណិតវិទ្យា ឬ​រូបវិទ្យានោះទេ

តើអតីតសិស្ស​ធ្លាប់​សិក្សា​ជំនាញ​បន្ថែម​នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT ណា​ខ្លះ​ដែល​ខ្សោយគណិតតែ ជោគជ័យលើវិថី​បច្ចេកវិទ្យា​រហូត​ដល់សព្វ​ថ្ងៃ​?

១. លាម លីដារ៉ា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ សិក្សា​ជាមន្រ្តីអភិវឌ្ឍន៍និងតេស​សុវត្ថិភាព​កូដប្រ​ពន្ធ័​ព័ត៌មាន ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ សម្រាប់​ព័ត៌មាន​លម្អិត → http://antkh.com/tech/2680

២. ឡី កំថូង គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ សិក្សា​ជាស្ថាបនិក PAPA Delivery & CheckinMe សម្រាប់​ព័ត៌មាន​លម្អិត → http://antkh.com/tech/2720

៣. ឡូវ ហុងថវិកា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ សិក្សា​ជាស្ថាបនិក OneWorld Technology សម្រាប់​ព័ត៌មាន​លម្អិត → http://antkh.com/tech/2670

៤. ជា សេងហាក់ គិតត្រឹម​ឆ្នាំ ២០២០ ជា Senior Backend Developer and DevOps នៅ​ក្រុមហ៊ុន Slash Foundry សម្រាប់​ព័ត៌មាន​លម្អិត → http://antkh.com/tech/2675

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា